ស.ខ.ន.September 12, 2007 9:50 pm
កម្មវិធីបំបួសអប់រំសីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាខ្មែរ

ដោយព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ជាសាសនារបស់រដ្ឋ ហើយកំពុងតែរីកចំរើនជាបណ្ដើរៗក្រោយពីសង្រ្គាមក្នុងស្រុកបានស្ងប់រំងាប់។ទន្ទឹមនឹងការរីកចំរើនលូតលាស់នេះ ព្រះពុទ្ធសាសនាកំពុងប្រឈមមុខបញ្ហាយ៉ាងច្រើន ដូចជា ខ្វះខាតបណ្ឌិតអ្នកប្រាជ្ញ ខ្វះខាតគម្ពីរក្បួនច្បាប់ផ្សេងៗដែលជាប្រភពធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេស ក្រុមយុវជនដែលជាចន្ទល់ដ៏រឹងមាំ ជាសសរទ្រូងបេះដូងជាតិ និងសាសនាបានកំពុងសប្បាយភ្លើតភ្លើននិងរសវត្ថុនិយមសង្គមសកលលូបនីយកម្ម របស់វប្បធម៌ អរិយធម៌បរទេស ពង្វក់វក់វីសតិស្មារតី ឲ្យភ្លេចភ្លាំងនូវតួនាទីទំនួលខុសត្រូវរបស់ខ្លួនឯង ខ្វះនូវទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិ កំពុងរវាទឃ្លាតឆ្ងាយពីវត្តវ៉ា ខ្វះសីលធម៌ ចរិយាធម៌ ជាពណ៌តំលៃនៃវប្បធម៌ជាតិខ្មែរ កំពុងសាបសូន្យជាបណ្ដើរៗនូវអរិយធម៌ ជានិមិត្តរូបអត្តញាណជាតិ ដែលធ្លាប់ឧត្ដុង្គឧត្តមថ្កុំថ្កើងរុងរឿងពីអតីតកាលជាពិសេស ភ្លេចនូវស្ថាប័នជាតិ សាសនា និងព្រះមហាក្សត្ររបស់ខ្លួន បង្កើតបក្សពួក បងតូច បងធំ បង្ករភាពវឹកវរនៅក្នុងសង្គម ប្រព្រឹត្តអំពើរចោរកម្ម ហិតកាវ ជក់ម៉ា ឈ្លក់អបាយមុខ គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលសុទ្ធតែជាបញ្ហារាំងស្ទះក្នុងការអភិវឌ្ឍន៍សង្គមជាតិ។សន្ទុះឥទ្ធិពលរសវត្ថុនិយមរបស់វប្បធម៌ អរិយធម៌បរទេសនេះ ជាប្រភពអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុតដល់វាសនាអនាគតកូនខ្មែរ និងប្រទេសជាតិទាំងមូលនាពេលបច្ចុប្បន្ន និងបន្តរទៅថ្ងៃអនាគត។ក្នុងនាមយើងជាមនុស្សធំគ្រប់ផ្នែក គ្រប់វិស័យ ទាំងស្ថាប័នគ្រួសារ និងស្ថាប័នសង្គម និយាយរួមគឺ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជាអាណាព្យាបាលអ្នកទទួលខុសត្រូវនូវវាសនាអនាគតរបស់ក្នេងយុវជន និងប្រទេសជាតិខ្មែរ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ដោយមិនត្រូវមើលរំលងនូវសេចក្តី
សំខាន់របស់យុវជនឲ្យសោះឡើយ។
ដោយឃើញនូវសេចក្ដីសំខាន់ត្រង់នេះ និងដើម្បីចូលរួមផលិតបង្កើននូវធនធានមនុស្សឲ្យមានចំណេះដឹងដើរគូរនិងសីលធម៌ និងដើម្បីឲ្យយុវជនខ្មែរក្លាយជាបុគ្គលមានគុណភាពក្នុងថ្ងៃនេះ និងជាមនុស្សមានគុណធម៌ទៅថ្ងៃមុខ រួមកំលាំងទ្រទ្រង់ប្រទេសជាតិឲ្យរឹងមាំស្ថិតស្ថេរគង់វង្ស ស្ដារអភិវឌ្ឍសង្គមជាតិឲ្យចំរើនថ្កុំថ្កើងរុងរឿង ទើបបានបង្កើតគម្រោង បព្វជា អប់រំសីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាខ្មែរ នេះឡើង ដើម្បីឲ្យយុវជន យុវតីជំនាន់ក្រោយនេះ បានយល់ច្បាស់ពីតំលៃនៃវប្បធម៌ជាតិខ្លួន គឺទ្រឹស្ដីព្រះពុទ្ធសាសនាដែលជាមកតកវប្បធម៌ អរិយធម៌ ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលដូនតាខ្មែរយើងបានខិតខំថែរក្សាទុកដល់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងយកទៅបដិបត្តិឲ្យកើតជាប្រយោជន៍សុខដល់ខ្លួនឯង ក្រុមគ្រួសារ និងប្រយោជន៍សង្គមជាតិទាំងមូល និងដើម្បីឲ្យសមតាមចេតនារម្មណ៍របស់ក្រុមសមណនិស្សិត ខំពុះពារស្ថាបនា បង្កើតនូវ សមាគមខេមរនិស្សិត នេះឡើងដើម្បីបំរើគោលមាគ៌ាព្រះពុទ្ធសាសនា និងបំរើផលប្រយោជន៍ដល់សង្គមជាតិខ្មែរ និងបំរើសេចក្ដីត្រូវការរបស់ពុទ្ធបរិស័ទ ពុទ្ធសានិកជន ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែមានជំនឿ និងយល់ច្បាស់ពីគោលមាគ៌ាព្រះពុទ្ធសាសនាកាន់តែប្រសើរឡើង សក្ដិសមជាអ្នកកាន់ព្រះពុទ្ធសាសនា និងជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដើម្បីសន្តិភាព ហើយសាងនូវភាពស្ងប់សុខសន្តិភាពរីកចំរើនសម្បូរសប្បាយសុខដុមរម្យនាដល់សង្គមជាតិខ្មែរបានយ៉ាងពិតប្រាកដដូចសម័យកាលមហានគរដ៏រុងរឿង។
វត្ថុបំណង
- ដើម្បីហ្វឹកអប់រំយុវជន សិស្ស និស្សិត កុមារា កុមារី ឲ្យក្លាយទៅជាកូនដ៏ល្អរបស់ឪពុកម្ដាយ ជាសិស្សដ៏ល្អរបស់លោកគ្រូ អ្នកគ្រូ ជាពលរដ្ឋដ៏ល្អរបស់សង្គម ជាពុទ្ធសាសនិកជនដ៏ល្អរបស់ព្រះពុទ្ធសាសនា ឲ្យយុវជនទាំងនោះមានស្មារតីភ្ញាក់រឭកស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ។


- ដើម្បីហ្វឹកហាត់ អប់រំយុវជន សិស្ស និស្សិត កុមារា កុមារី ឲ្យស្គាល់នូវតំលៃលីល្បៈ ទំនៀមទំលាប់ប្រពៃណី វប្បធម៌ជាតិរបស់ខ្លួន ក្នុងការជួយស្ដារពង្រឹង និងថែរក្សាឲ្យបានគង់វង្សតរៀងទៅ។

- ដើម្បីហ្វឹកអប់រំយុវជន សិស្ស និស្សិត កុមារា កុមារី ឲ្យមានចរិយាមារយាទ និងសុជីវធម៌រស់នៅប្រចាំថ្ងៃឲ្យសមរម្យដល់វ័យពេលវេលា និងទីកន្លែងផ្សេងៗ ដែលគេគោចរទៅដល់និងបានប្រព្រឹត្តខ្លួនប្រាសចាកអបាយមុខគ្រឿងស្រវឹងគ្រឿងញៀនគ្រប់ប្រភេទ ហើយនិងបានធ្វើខ្លួននាំមកនូវប្រយោជន៍សុខដល់ខ្លួនឯង ដល់អ្នកដទៃ និងដល់សង្គមជាតិទាំងមូល។

- ដើម្បីឲ្យពួកយុវជន សិស្ស និស្សិត កុមារា កុមារី មានឱកាសបានចូលមកសិក្សា និងបដិបត្តិធម៌ ក្នុងព្រះពុទ្ធសាសនាអប់រំបន្ទុំ និស្ស័យឲ្យមានវិជ្ជាដើរទន្ទឹមនិងសីលធម៌ជាបុគ្គលមានគុណភាពក្នុងថ្ងៃនេះនិងជាមនុស្សមានគុណធម៌ទៅថ្ងៃមុខ។




- ដើម្បីឲ្យពួកក្មេងយុវជន សិស្ស និស្សិត កុមារា កុមារី ហ្វឹកអប់រំចិត្តភាវនាថ្វាយជាព្រះរាជមហាកុសលដល់ សម្ដេចឪ សម្ដេចម៉ែ ជាព្រះរាជបិតាមាតារបស់ជាតិខ្មែរ និង ព្រះករុណាព្រះបាទសម្ដេចព្រះមរនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សូមឲ្យព្រះអង្គទាំងបីព្រះអង្គមានព្រះជន្មាយុយឺនយូរច្រើនរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរ ជាកូន ជាចៅ ចៅទួត
តរៀងទៅ។
- និងថ្វាយព្រះពរដល់ព្រះរាជវង្សានិវង្សគ្រប់ព្រះអង្គ ព្រមទាំងថ្វាយព្រះពរ និងជាមហាកុសល ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីរាជាការគ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
- ដើម្បីថ្វាយព្រះរាជមហាកុសលដល់វីរៈបុព្វព្រះមហាក្សត្រខ្មែរ មាន ព្រះបាទជ័យវរ្ម័នទី៧ និងអតីតសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មាន សម្ដេចព្រះសុមេធាធិបតី ជោត្តញ្ញាណោ ជួន ណាត ព្រះសង្ឃរាជ គណៈមហានិកាយ ជាបតាអក្សរសាស្រ្តជាតិខ្មែរ ជាដើម។
khmer_ksa@yahoo.com